7 Principles

 
គោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម

គោលការណ៍គ្រឹះទាំង ៧ ដែលបានប្រកាសនៅក្រុងវីយ៉ែន ក្នុងឆ្នាំ ១៩៩៥ បានរឹតចំណងសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឃចន្ទក្រហម។ សមាភាគទាំង ៣ ធានានូវចីរភាពនៃចលនាកាកបាទក្រហម និងការងារមនុស្សធម៌។

ភាពជាមនុស្សធម៌
ចលនាអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម កើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងរបួសនៅក្នុង សមរភូមិ ដោយមិនបែងចែក ឬរើសអើង។ ខិតខំខ្នះខ្នែងតាម សមត្ថភាពជាតិ និងអន្ដរជាតិរបស់ខ្លួនទប់ស្កាត់ ដើម្បីបង្ការ និងកាត់បន្ថយទុក្ខលំបាកវេទនារបស់មនុស្សលោកគ្រប់ទីកន្លែងដែលជួបប្រទះ។ គោលបំណង នៃចលនា គឺការពារជីវិត និងសុខភាព ហើយធានាការគោរពមនុស្សលោក ។ ចលនានេះនឹងលើកកម្ពស់មាន ការយោគយល់គ្នាទៅវិញ-ទៅមក មិត្ដភាពសហប្រតិបត្ដិការ និងសន្ដិភាពស្ថិតស្ថេរក្នុងចំណោមជនគ្រប់រូប។

ភាពមិនលំអៀង
ជាភាពមិនបែងចែក ឬរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿសាសនា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ ភាពមិនលំអៀងខិតខំប្រឹងប្រែងសម្រាលការឈឺចាប់ខ្លោចផ្សារបស់ជនគ្រប់រូប ដោយចំពោះតែអ្នកដែលត្រូវការ ចាំបាច់ ឱ្យជួយ និងជូនអាទិភាពដល់ករណីដែលគ្រោះអាសន្នជាងគេ។

អព្យាក្រឹតភាព
ដើម្បីបន្ដរក្សាក្ដីសោមនស្សរីករាយ និងជំនឿទុកចិត្ដពីគ្រប់មជ្ឈដ្ឋាន ចលនាមិនគប្បីចូលរួមក្នុងអរិភាព ឬទោះជា ក្នុងកាលៈទេសៈណាក៏ដោយ មិនចូលរួមក្នុងការវែកញែករកខុស-ត្រូវក្នុងបញ្ហានយោបាយ ពូជសាសន៍ ជំនឿសាសនា មនោគមន៍វិជ្ជាឡើយ។

ឯករាជ្យភាព
ចលនាត្រូវតែឯករាជ្យ។ សមាគមជាតិ ទោះជាជំនួយការឱ្យរដ្ឋាភិបាល ខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅ ក្រោមច្បាប់ប្រទេសជាតិក៏ដោយ ក៏ជានិច្ចកាលត្រូវរក្សាស្វ័យភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពស្របតាម គោលការណ៍គ្រឹះនៃចលនា។

សេវាកម្មស្ម័គ្រចិត្ដ
គឺជាអង្គការសង្គ្រោះដោយស្ម័គ្រចិត្ដមួយដែលមិនធ្វើសកម្មភាពដោយសារតែចង់បានផលចំណេញនោះឡើយ។

ឯកភាព
នៅក្នុងប្រទេសមួយ អាចមានសមាគមជាតិតែមួយគត់ ។ សមាគមជាតិនោះ ត្រូវតែបើកទ្វារចំហជូនជនគ្រប់រូប ហើយត្រូវបំពេញភារកិច្ចមនុស្សធម៌នៅទូទាំងប្រទេស។

សកលភាព
ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្ដរជាតិ ក្នុងនោះគ្រប់សមាគមជាតិទាំងអស់ មានឋានៈស្មើគ្នា មានការទទួលខុសត្រូវ និងករណីយកិច្ចដូចៗគ្នា ក្នុងការជួយគ្នា ទៅវិញ-ទៅមក គឺជាលក្ខណៈសកល។


ប្រភព៖​ គេហទំព័រ កាកបាទក្រហមកម្ពុជា

No comments:

Post a Comment