![]() |
|
![]() |
|
|
|
យុទ្ធសាស្ដ្រ ២០១១-២០២០ នេះ
បានតាក់តែងឡើងនៅពេលកាកបាទក្រហមកម្ពុជាបានឈានចូលដល់ឆ្នាំបញ្ចប់នៃ
ការអនុវត្ដយុទ្ធសាស្ដ្រ ២០០៣-២០១០
ដោយមានការចូលរួមផ្ដល់គោលគំនិតជាមូលដ្ឋានយ៉ាងទូលំទូលាយ ក៏ដូចជា
ក្នុងការផ្ដល់យោបល់លើសេចក្ដីព្រាងពីគណៈអភិបាល
និងក្រុមប្រតិបត្តិនៅថ្នាក់កណ្ដាល សាខា ទាំង ២៤ រាជធានី ខេត្ត
និងដៃគូកាកបាទក្រហម។
យុទ្ធសាស្ត្រ ២០១១-២០២០នេះ បានកសាងឡើងដោយឈរលើមូលដ្ឋានជោគជ័យ
និងសមិទ្ធផលសម្រេចបាន រួមជាមួយចំណុចខ្លាំង ចំណុចខ្សោយ បទពិសោធន៍
បញ្ហាប្រឈម មតិពីដៃគូសហប្រតិបត្តិការ និងអនុសាសន៍ទទួលបានពី
ការពិនិត្យ វាយតម្លៃលើការអនុវត្ដយុទ្ធសាស្ដ្រ ២០០៣-២០១០ កន្លងមក។ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលមាន លក្ខណៈស្មុគស្មាញ និងអន្តរទំនាក់ទំនង ក្នុងនាមជាសមាសភាគមួយរបស់ចលនា កាកបាទក្រហមកម្ពុជាបានយកយុទ្ធសាស្ដ្រ ២០២០ របស់សហព័ន្ធអន្តរជាតិ ដែលមានប្រធានបទ សង្គ្រោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត អមដោយបាវចនា ធ្វើ ឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន ធ្វើជាកម្លាំងជម្រុញ ក្នុងការអនុវត្ដយុទ្ធសាស្ត្រ ២០១១-២០២០ របស់ខ្លួន។ ដើម្បីធានាឱ្យបានថា យុទ្ធសាស្ដ្ររបស់សមាគមជាតិ ពិតជាឆ្លើយតបបានគ្រប់ជ្រុងជ្រោយទៅនឹងភាពងាយរងគ្រោះនៅកម្ពុជា កាកបាទក្រហមកម្ពុជាបានយកយុទ្ធសាស្ត្រចតុកោណជំហានទី ២ របស់រាជរដ្ឋាភិបាល ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងផែនការយុទ្ធសាស្ត្រជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣ ជាត្រីវិស័យក្នុងការ ធ្វើបច្ចុប្បន្នភាពកែសម្រួលទស្សនវិស័យ បេសកកម្ម និងទិសយុទ្ធសាស្ត្រ សម្រាប់អនុវត្ដ ១០ឆ្នាំ ខាងមុខនេះ។ ទស្សនវិស័យ ចូលរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ បេសកកម្ម ជាសមាគមជាតិ នាំមុខគេក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បី បន្ដជួយដល់ជនរងគ្រោះបំផុត តាមរយៈ៖ (១) ការគ្រប់គ្រងគ្រោះមហន្តរាយ (២) សុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍ និង (៣) ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។ ក្នុងគោលបំណងសម្រេចឱ្យបាននូវទស្សនវិស័យ និងបេសកកម្មខាងលើនេះ កាកបាទក្រហមកម្ពុជា បានកំណត់ទិស យុទ្ធសាស្ត្រ ចំនួន ៤ គឺ៖
រួមចំណែកសង្គ្រោះជីវិត កសាងភាពធន់មាំទៅនឹងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ តាមរយៈសកម្មភាពនៅក្នុង វិស័យស្នូល គ្រប់គ្រងគ្រោះមហន្តរាយ។ ទិសយុទ្ធសាស្ត្រទី ២ រួមចំណែកកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លង និងអន្តរាគមន៍សុខភាព គ្រាអាសន្ន តាមរយៈសកម្មភាពនៅក្នុងវិស័យស្នូល សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍។ ទិសយុទ្ធសាស្ត្រទី ៣ លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា តាមរយៈ សកម្មភាពនៅក្នុងវិស័យស្នូល លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។ ទិសយុទ្ធសាស្ត្រទី ៤ ធានាពង្រឹងការរក្សាកិត្តិនាម កិត្យានុភាពកាកបាទក្រហមកម្ពុជាជាសមាគមជាតិនាំមុខគេក្នុងវិស័យ មនុស្សធម៌ តាមរយៈសកម្មភាពនៅក្នុងវិស័យស្នូល អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។ សមាជិក-សមាជិកា អ្នកស្ម័គ្រចិត្ត យេនឌ័រ យុវជន ការកសាងសមត្ថភាព និងការស្វែងរកការគាំទ្រ។ ការបរិយាយអំពីទម្រង់យុទ្ធសាស្ត្រ វិស័យស្នូលទាំង ៣៖ គឺការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុង សហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា គឺជាការបំពេញការងារប្រចាំថ្ងៃ ដែលមានអាទិភាពដូចៗគ្នា ដើរព្រមៗគ្នា ហើយវិស័យទាំង ៣ នេះ ធ្វើបានតិច ឬច្រើន បានកាន់តែល្អ ឬមិនបាន បានឆ្ងាយឬទេ គឺអាស្រ័យលើកម្រិត អាចធ្វើបាននៅក្នុងការពង្រឹងវិស័យស្នូលទី ៤ ដែលជាគ្រឹះ។ វិស័យស្នូលទី ៤៖ អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន ប្រៀបដូចជាគ្រឹះរបស់ផ្ទះ ដែលត្រូវតែរឹងមាំ ហើយសម្រាប់ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ គឺជាការចុះជ្រៅដល់មូលដ្ឋាន នៅជាមួយប្រជាជន ដឹងសុខ-ទុក្ខប្រជាជន ជួយសង្គ្រោះ សម្រាលទុក្ខលំបាករបស់ប្រជាជនបានទាន់ពេលវេលា។ បញ្ហាអន្តរវិស័យ៖ សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត ការស្វែងរកការគាំទ្រ យេនឌ័រ យុវជនកាកបាទក្រហម និង ការកសាងសមត្ថភាព គឺជាកម្លាំងចលករ និងកត្តាគន្លឹះផ្សេងៗទៀត ដែលជាធាតុផ្សំត្រូវតែមានជាចាំបាច់មិនអាចខ្វះបានឡើយ ហើយត្រូវតែផ្ដោតការយកចិត្ដទុកដាក់នៅក្នុងគ្រប់សកម្មភាពនៃវិស័យ ស្នូលទាំង ៤។ ក្នុងការកសាងផែនការអភិវឌ្ឍជារួម ក៏ដូចជាក្នុងការកសាងផែនការយុទ្ធសាស្ត្រ តាមវិស័យជាក់លាក់ ឬកម្មវិធី និងគម្រោងជំនាញណាមួយនោះ គណៈអភិបាល និងក្រុមប្រតិបត្តិនៅថ្នាក់កណ្ដាល សាខា អនុសាខា រួមទាំងក្រុមកាកបាទក្រហមនៅតាមឃុំផង ត្រូវតែយកចិត្ដទុកដាក់លើបញ្ហាអន្តរវិស័យទាំងនេះ។ |
រួមកម្លាំង រួមគំនិត ដើម្បីការងារមនុស្សធម៌។ យុវជនកំពុងនាំគ្នាធ្វើសកម្មភាព។
About
Subscribe to:
Posts (Atom)
No comments:
Post a Comment